ថ្នាក់ខ្មែរជុំទីប្រាំ

នៅក្នុងថ្នាក់ខ្ញែរជំុនេះពួកយើងបានរៀនទាក់ទងអំពីការតែងសេចក្ដី ក៏ដូចការតែងសេចក្ដីបែបពន្យល់ ។ បន្ទាប់ពីការតែងសេចក្ដី នាងខ្ញុំក៏បានស្រាវជ្រាវទាក់ទងអំពីការនិពន្ធរឿងខ្លីផងដែរ ។ នាងខ្ញុំមានចំណាប់អារម្មណ៍ទៅលើ សំណេរ និង ការនិពន្ធខ្លាំងណាស់ ដូច្នេះនាងខ្ញុំក៏បាននិពន្ធរឿងខ្លីមួយបន្ទាប់ពីការសិក្សាស្រាវជ្រាវនេះរួច ក៏ដូចជាសម្រាប់ការប្រកួតប្រជែងនៃទិវាអក្សរសាស្ដ្រ និង វប្បធម៌ខ្មែរ ដែលបានរៀបចំឡើងដោយសិស្សានុសិស្សឡៃហ្គឺ ដើម្បីលើកស្ទួយអក្សរសាស្ដ្រ និង វប្បធ៌មខ្មែរ ។

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ដ៏សែនខ្ពង់ខ្ពស់ អមទៅដោយអក្សរសាស្រ្ដដែលចម្លែកខុសពីប្រទេសដទៃ ក៏ប៉ុន្ដែកូនចៅជំនាន់ក្រោយសព្វថ្ងៃនេះមិនសូវពេញនិយមនឹងការសរសេរខ្មែរប៉ុន្មានទេ ភាគច្រើនចូលចិត្តតែចម្លងវប្បធម៌មកពីខេត្តជិតខាង ។ ដោយហេតុនេះហើយទើបនាងខ្ញុំបានតាក់តែងរឿងខ្លីមួយដែលនិយាយទាក់ទងអំពីការនិយមសរសេរអក្សរឡាតាំងនា បណ្ដាញសង្គមហ្វេសប‍៊ុក ។ 

ឡាតាំង

«ទីង!» ម្រាមដៃដ៏ស្រលូនមួយបានរហ័សចាប់ទាញទូរស័ព្ទមក ។ «នរណាគេបង្ហោះអីទៀតហើយ» ម្លិះបាននិយាយខ្សឹបៗតែឯង​​​​ ។ ព្រឹកព្រលឹមម៉ោង ៧ មិនទាន់ មិត្តរបស់នាងម្នាក់បានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកអំពីការប្រលងម្សិលមិញ ។ «ស្អី? សរសេរតែអក្សរឡាតាំងអញ្ចឹង នរណាគេយល់? បើនៅតែអញ្ចឹងទៀតខ្មែរមុខតែលែងចេះសរសេរអក្សរខ្មែរហើយ ។» ម្លិះប្ដូរពីនិយាយខ្សឹបៗទៅនិយាយឮរហូតដល់មិត្តនាងឯទៀតងាកមើលមុខនាងគ្រប់ៗគ្នា ។ «នែ៎ ម្លិះស្អីទៀតហើយ មួយថ្ងៃៗនិយាយដដែលៗ ។ » ភារីដែលអង្គុយជិតនោះបន្ទោសឲ្យម្លិះថែម ។ «ទេខ្ញុំចង់និយាយថាសរសេរអក្សរខ្មែរទៅវាទាស់ខុសអី?» មិ្លះជ្រួញចិញ្ចើមបន្ទាប់ពីរអូ៊ររួច ។ «គ្មាននរណាគេចាស់សម្រែដូចម្លិះឯងទេ» វត្តីនិយាយបណ្ដើរដើរសំដៅទៅម្លិះបណ្ដើរ ។ «​ទេ គ្រាន់តែសរសេរអក្សរខ្មែរសេាះវាមិនសម្រែពេកទេ» ម្លិះបានតបទៅវិញ ។ «ន៎ែម្លិះសរសេរឡាតាំងទៅវាស្រួលហើយរហ័សទៀត ។ គ្មាននរណាគេនៅសរសេរអក្សរខ្មែរមួយៗវើកៗអញ្ចឹងទេ» រង្សីបានប្រឆាំងទៅម្លិះភ្លាមៗ ។ «បានហើយម្លិះកំុតទៅវិញអីនាំតែមានជម្លេាះថែមទេណ៎ា ។»  ភារីបានបញ្ឈប់ម្លិះមុនពេលម្លិះតបទៅវិញ ។ «អើយ កញ្ញាសម្រែអើយ» វត្តីបានឌឺដងផ្លែផ្កាទៅម្លិះ ។ ភារីបានដឹកដៃម្លិះសំដៅទៅក្នុងថ្នាក់ ។ មកដល់ភ្លាមម្លិះកន្រ្ទាក់ដៃភារី «នែ៎ ភារីវាដូចជាមិនសមសេាះ ខ្មែរមិនចង់សរសេរអក្សរខ្មែរចុះនរណានឹងសរសេរអក្សរខ្មែរទៅ?» ។ ភារីតប «ខ្ញុំមិនដឹងទេប៉ុន្តែឯងគួរតែមិនបាច់ទៅល្លោះជាមួយពួកគេទេណា៎» ។ ម្លិះអង្គុយសញ្ចឹងមួយសន្ទុះក៏សួរភារី «អេ៎ ភារីឯងមានដែលសរសេរអក្សរឡាតាំងទេ?» ។ «តែញឹកហ្នឹង» ភារីតប។ «ហើយម្ដេ៉ចអញ្ចឹង?» ម្លិះសួរដោយមានឆ្ងល់ ។ ភារីតបទៅវិញ «ដោយសារតែវាស្រួល រហ័ស មិនរញ៉េរញ៉ៃដូចសរសេរខ្មែរទេ»។ ម្លិះដកដង្ហើមធំ «អញ្ចឹងធ្វើដូចម្ដេចបានគេសរសេរអក្សរខ្មែរវិញទៅ?»។ ល្ងាចឡើងពេលម្លិះបានមកដល់ផ្ទះភ្លាម នាងបានផ្លាស់ខោអាវរួចកាន់ទូរស័ព្ទឡើងលើផ្ទះភ្លាម។ «ម្លិះញុាំបាយសិនទេកូន?» ម្ដាយម្លិះបានស្រែកសួរពេលឃើញកូនមកដល់ផ្ទះភ្លាម។ «ចា៎ម៉ាក់កូនទៅឥឡូវហើយ»។ ម្លិះតបទៅម្ដាយរួចក៏ទម្លាក់ខ្លួនទៅលើពូកភ្លាម ។ នាងដកដង្ហើមធំហើយព្យាយាមគិតហើយគិតទៀតអំពីដំណេាះស្រាយដែលអាចដេាះស្រាយបញ្ហាដ៏ស្មុគស្មាញមួយនេះ។ «ទីកតក់ទីកតក់» នាឡិកាដែលព្យួរនៅលើជញ្ជាំងបានបន្លឺសម្លេងនៅពេលដែលវេលាដែលស្ងប់ស្ងាត់មួយនេះ ។ «នឹកឃើញហើយ» ម្លិះបានស្រែកត្រេកអរតែម្នាក់ឯងនៅក្នុងបន្ទប់ ។

«តើអ្នកទាំងអស់គ្នាគិតថាខ្លួនឯងជាជនជាតិខ្មែរដែរទេ? តើរាល់ថ្ងៃមិត្តរាល់គ្នាគិតថាខ្លួនឯងធ្វើអ្វីដែលជនជាតិខ្មែរគួរតែធ្វើដែរឬទេ? រាល់ថ្ងៃនេះបើតាមខ្ញុំសង្កេតឃើញម្នាក់ៗសរសេរតែអក្សរឡាតាំងទេ ខ្ញុំដឹងតែវាពិបាកសរសេរខ្មែរបន្តិចមែនប៉ុន្ដែវាមិនងាប់ទេបើសរសេរខ្មែរនោះ ។ វប្បធម៌​រលត់​ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន ។ បើយើងនៅតែបន្ដសរសេរអក្សរឡាតាំងអញ្ចឹងទៀត តើកូនចៅជំនាន់ក្រោយចេះសរសេរខ្មែរទេ? តើពួកគាត់នឹងស្ពាល់អក្សរខ្មែរទៀតទេ? ដូច្នេះពួកយើងគួរតែសរសេរអក្សរខ្មែរប្រសើរជាងសរសេរអក្សរឡាតាំង ។»

ម្លិះសរសេររួចក៏បង្ហេាះទៅលើបណ្ដាញសង្គមហ្វេសប‍៊ុកដោយសង្ឃឹមថាវានឹងអាចផ្លាស់ប្ដូរគំនិតអ្នកអាន ។ មួយសន្ទុះក្រោយមក ម្ដាយម្លិះឡើងមកលើជាមួយទូរស័ព្ទរបស់គាត់ ។ «ហើយនេះស្អីម្លិះ?» ម្ដាយនាងនិយាយទៅនាងព្រមទាំងបេាះទូរស័ព្ទទៅឲ្យនាង ។ «គឺកូនគ្រាន់តែ…….» ម្លិះហើបមាត់ប្រុងនឹងតបតែម្ដាយនាងកាត់ «វាដូចជាឈ្លើយពេក  ម៉ាក់ធ្លាប់ប្រាប់កូនហើយថាកុំឲ្យបង្ហេាះអ្វីផ្ដេសផ្ដាសនៅលើបណ្ដាញសង្គមព្រោះវាអាចបះពាល់អនាគតកូនបាន » ។ ម្ដាយម្លិះបានបិទទ្វារបន្ទប់ទុកឲ្យនាងអង្គុយសម្រក់ទឹកភ្នែកតែឯកឯងនៅក្នុងបន្ទប់ ។ មួយសន្ទុះក្រោយមក ម្លិះក៏បានទាញទូរស័ព្ទនាងមកមើល ។ «som rea nas!» «kmean nak na lgong doch malis ng te!» «ban hz» «chop ban chop tv» «doch c’kurt» «pler pler mx te» មនុស្សជាច្រើនបានផ្ដល់មិតិយោបល់(comment)ជេរដៀលម្លិះដែលកំពុងតែមានគំនិតចង់ផ្លាស់ផ្ដូរប្រទេសជាតិ បានធ្វើឲ្យនាងខូចចិត្តជាខ្លាំង ។ «ធ្វើល្អមិនបានល្អបានទេតែបានតែគេជេរដៀលថែម អញ្ចឹងឲ្យវាទៅតាមដំណើរទៅខ្ញុំឈប់ខ្វល់ខ្វាយទៀតហើយ » និយាយចប់ម្លិះបានខ្ទប់មុខនឹងខ្នើយរួចយំឮៗ ។

ម្លិះមិនមែនជាម្លិះកាលពីមុនទៀតទេ នាងបានផ្លាស់ផ្ដូរហើយ។

«ដូរទៅបុ៉ស្ដិ៍ទទកទៅកូន» ម៉ាក់ម្លិះបានបង្គាប់ម្លិះឲ្យដូរប៉ុស្ដិ៍ទូរស្សន៍។ ឆ្នាំនេះម្លិះរៀនថ្នាក់ទី ១១ ហើយក៏ជាឆ្នាំដែលសិស្សានុសិស្សថ្នាក់ ១២ ត្រូវបញ្ចេញចំណេះដឹងដែលគេបានរៀនទាំង ១២ ឆ្នាំទៅលើថ្ងៃទាំង ៣ នេះហើយ។  

«ចា៎ដូចជាបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយថាថ្ងៃនេះជាថ្ងៃមួយដ៍សំខាន់សម្រាប់សិស្សានុសិស្សទូរទាំងប្រទេស ប៉ុន្ដែអ្វីដែលសំខាន់នោះគឺ គួរឲ្យភ្ញាក់ផ្អើលមែនទែនដែលគ្មានគ្មានសិស្សណាមួយអាចដណ្ដើមយកពិន្ទុពេញផ្នែកអក្សរសាស្រ្តខ្មែរបានទេ។ បើតាមនាងខ្ញុំគិតនោះគឺដោយសារតែយុវជនយើងមិនសូវសរសេរអក្សរខ្មែរទេ គឺនិយមតែសរសេរអក្សរឡាតាំង។ »

ម្លិះក៏បានបិទទូរស្សន៍ហើយក៏និយាយថា «ដូចខ្ញុំទាយទុកមុនមែន ដល់ម៉ោងចាប់ផ្ដើមបេសកម្មហើយ»។ ចាប់ពីថ្ងៃនោះមកម្លិះបានសំងំនៅក្នុងបន្ទប់រាប់ម៉ោង។

បីខែក្រោយមក………….

«តើមិត្តភក្តិទាំងអស់គ្នាកំពុងមានបញ្ហាជាមួយនឹងការវាយអក្សរខ្មែរនៅលើទូរស័ព្ទ ឬ កំុព្យូរទ័រមែនទេ? សូមកុំបោះបង់ការវាយអក្សរខ្មែរឲ្យសោះ។ ខ្ញុំមានដំណោះស្រាយ!»

Leave a Reply

Your email address will not be published. Required fields are marked *